លំអិតសកម្មភាព

image

❤️រឿងនៃការអត់ធ្មត់ និងក្តីស្រមៃរបស់ កុមារីវត្តី

នៅក្នុងភូមិតូចមួយនៅក្នុងទីជនបទ មានក្មេងស្រីអាយុ៧ឆ្នាំឈ្មោះ វត្តី។

បច្ចុប្បន្ននាងកំពុងសិក្សា នៅថ្នាក់ទី២ ដូចក្មេងដទៃទៀតដែរ នាងចូលចិត្តរៀន និងចូលចិត្តញញឹម។ ប៉ុន្តែផ្លូវជីវិតរបស់នាងពិបាកជាងក្មេងដទៃផ្សេងទៀត។ វត្តី ចាប់កំណើតមកនៅក្នុងគ្រួសារដែលខ្វះខាតខាងផ្នែកហិរញ្ញវត្ថុ ដែលមានឪពុកជាអ្នកធ្វើការសំណង់ ខណៈមានម្តាយដែលជាអ្នកលក់បន្លែ ដែលត្រូវក្រោកពីព្រលឹមជារៀងរាល់ថ្ងៃ ដើម្បីលក់បន្លែ នៅផ្សារក្នុងភូមិ។ រៀងរាល់ព្រឹកម៉ោង៥ ខណៈពេលដែលក្មេងដទៃកំពុងគេងលង់លក់ វត្តីបានក្រោកទៅជួយម្តាយរៀបចំបន្លែ ដើម្បីយកទៅលក់នៅផ្សារ។ បន្ទាប់ពីបញ្ចប់ការងារទាំងនេះ នាងប្រញាប់ប្រញាល់ទៅសាលារៀន។

ក្រោយម៉ោងរៀន ជំនួសឱ្យមានពេលវេលាលេងរបស់នាង បែរទៅជួយម្តាយធ្វើការងារផ្ទះ មុនពេលធ្វើកិច្ចការសាលា។ ទោះបីជានាងនឿយហត់នៅពេលយប់យ៉ាងណាក៏ដោយ ក៏នាងនៅតែអង្គុយក្រោមភ្លើងស្រអាប់ ហើយអានសៀវភៅពីមួយទំព័រទៅមួយទំព័រយ៉ាងយកចិត្តទុកដាក់។

ថ្ងៃមួយ គ្រូនៅសាលារដ្ឋបានផ្តល់ដំណឹងថា៖

ស៊ីថេប បានផ្តល់ថ្នាក់រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃ។

ពេលវត្តីបានឮ នាងភ្លឺភ្នែកភ្លាម។

ទោះបីជាតាមផ្លូវទៅមណ្ឌលសិក្សា ឆ្ងាយពីផ្ទះ និងគ្រួសារមិនមានកង់ជិះក៏ដោយ នាងមិនព្រមឱ្យឧបសគ្គទាំងនេះមករារាំងនាងបានឡើយ។

ចាប់ពីថ្ងៃនោះមក ក្រោយជួយម្តាយនៅផ្សារ វត្តីបានដើរទៅមណ្ឌលសិក្សា ស៊ីថេប ដើម្បីចូលរៀនភាសាអង់គ្លេស។

ទោះបីជាពេលមានភ្លៀងខ្លាំង ផ្លូវពិបាកធ្វើដំណើរ ខោអាវនាងសើមទទឹកជោគជាញឹកញាប់ ក៏នាងនៅតែដើរទៅមុខជារៀងរាល់ថ្ងៃ ដើម្បីឈានដល់ថ្នាក់រៀន។

នៅពេលចូលថ្នាក់អង់គ្លេសដំបូង វត្តីមានភាពខ្មាស់អៀន និងអង្គុយស្ងៀមនៅខាងក្រោយថ្នាក់។

ពេលនោះ ភាសាអង់គ្លេសរបស់នាងនៅមានកម្រិត តែវត្តីព្យាយាមស្តាប់យ៉ាងប្រុងប្រយ័ត្ន កត់ចំណាំយ៉ាងយកចិត្តទុកដាក់ ហើយក្លាហានក្នុងការសួរសំនួរប្រសិនបើនាងមានអ្វីមិនយល់។ នៅផ្ទះ នាងហាត់រៀនពាក្យថ្មីៗជាញឹកញាប់ រហូតចាំបានពាក្យជាច្រើន។ បន្ទាប់ពីពីរបីខែក្រោយមក គ្រូបានចាប់អារម្មណ៍ជាមួយនាងយ៉ាងពិសេស។ ក្មេងស្រីដែលធ្លាប់តែស្ងៀមស្ងាត់ដែលអង្គុយនៅខាងក្រោយថ្នាក់ បានក្លាយជាសិស្សម្នាក់ដែលមានការរីកចម្រើនលឿនបំផុតក្នុងថ្នាក់រៀន។ ថ្ងៃមួយ គ្រូបានផ្តល់សៀវភៅសរសេរ និងសម្ភារៈសិក្សាជាច្រើន ដើម្បីលើកទឹកចិត្តដល់នាង។ ពេលវត្តីទទួលបានអំណោយ ភ្នែករបស់នាងបានពោរពេញដោយទឹកភ្នែកពីព្រោះតែការរំភើបខ្លាំងពេក។

នៅពេលនោះ អារម្មណ៍របស់នាងមិនមែនត្រឹមតែការដឹងគុណចំពោះអំណោយទេ ប៉ុន្តែជាការត្រូវបានមើលឃើញ និងគាំទ្រយ៉ាងកក់ក្តៅពីលោកគ្រូ។

ពេលនេះ វត្តីមានក្តីស្រមៃតូចមួយ។

សង្ឃឹមថាថ្ងៃមួយ នាងនឹងក្លាយជាគ្រូបង្រៀន ដើម្បីជួយក្មេងៗដែលមានស្ថានភាពគ្រួសារដូចនាង ដែលប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុ។

ដោយសារតែវត្តីជឿថា ការអប់រំអាចបើកទ្វារទៅកាន់ពិភពលោកដ៏ធំជាងនេះ។