អង្គការក្រុមការងារកម្ពុជាដើម្បីការអប់រំ (ស៊ីថេប) ដែលទទួលបានជំនួយពីសមាគមវប្បធម៌ និង អប់រំ ថេប តៃវ៉ាន់ បានបំប្លែងខ្លួនពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាសានិងកុំព្យូទ័រស៊ីថេប ដែលបានប្រតិបត្តិសកម្មភាពរបស់ខ្លួនតាំងពីឆ្នាំ២០១០ ដោយយើងបានចុះក្នុងបញ្ជីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល លេខៈ ៦៦៩០ប្រក ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦។ ដោយផ្ដើមចេញពីការផ្ដល់អាហារដល់កុមារនិងសិស្សានុសិស្សនៅឆ្នាំ២០១០ យើងបានបន្តពង្រីកសកម្មភាពដោយផ្ដោតលើការអប់រំនៅក្នុងក្រុងសៀមរាបក្នុងឆ្នាំ២០១១ ហើយនៅឆ្នាំ២០១២ ស៊ីថេប បានពង្រីកមណ្ឌលអប់រំរបស់ខ្លួនជាបន្តបន្ទាប់ទៅតំបន់ជនបទដាច់ស្រយាលនៅតាមរាជធានីខេត្តមួយចំនួនដូចជា ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តស្វាយរៀង កំពង់ឆ្នាំង បន្ទាយមានជ័យ និងរាជធានីភ្នំពេញ។ ក្រៅពីវិស័យអប់រំ ដែលជាមូលដ្ឋានគ្រឹះអភិវឌ្ឍប្រទេសកម្ពុជា ស៊ីថេប ក៏បាននិងកំពុងផ្ដោតលើវិស័យសំខាន់ពីរទៀតផងដែរ គឺវិស័យការងារ និងវិស័យកសិកម្ម។
អង្គការក្រុមការងារកម្ពុជាដើម្បីការអប់រំ មានគោលបំណងដូចខាងក្រោម៖
- បណ្តុះបណ្តាលភាសាបរទេស និងកុំព្យូទ័រ ដល់យុវជនខ្មែរនៅតាមទីជនបទ ដោយមិនបង់ ថ្លៃសិក្សា
- បង្រៀនជំនាញបច្ចេកទេសវិជ្ជាជីវៈដល់សិស្សដែលមិនមានលទ្ធភាពបង់ថ្លៃសិក្សា
- ចូលរួមលើកទឹកចិត្តដល់សិស្ស និស្សិតក្នុងការបន្តការសិក្សា និងការអភិវឌ្ឍសមត្ថភាព ដើម្បី ភាពជោគជ័យ
- ជួយជាសម្ភារសិក្សាដល់សិស្ស និស្សិត ដែលគ្មានលទ្ធភាព
- ជួយយស្វែងរកការងារសមរម្យឲ្យដល់ប្រជាជនខ្មែរ ដើម្បីកាត់បន្ថយការចំណាកស្រុក និងចូល រួមក្នុងការអភិវឌ្ឍប្រទេសជាតិ។
អង្គការក្រុមការងារកម្ពុជាដើម្បីការអប់រំ មានគោលដៅដូចខាងក្រោម៖
- យុវជនខ្មែរមានចំណេះដឹងផ្នែកកុំព្យូទ័រ និងភាសាបរទេសច្បាស់លាស់ និងអាចប្រើប្រាស់ ក្នុងការងារ
- ធ្វើឲ្យសិស្ស និស្សិតទទួលបានការអប់រំ និងមាននូវជំនាញវិជ្ជាជីវៈច្បាស់លាស់។