ពីផ្លូវដីក្រហម ទៅកាន់ក្ដីស្រមៃលើវិស័យបច្ចេកវិទ្យា៖ ផ្លូវដំណើរនៃភាពលូតលាស់របស់ គឹមហុង
ហេង គឹមហុង មានអាយុ ១៣ ឆ្នាំ គឺជាសិស្សថ្នាក់ទី ៧ នៅសាលាអនុវិទ្យាល័យតាយ៉ែក។ រៀងរាល់ថ្ងៃ គេជិះកង់តាមដងផ្លូវដីក្រហមក្នុងភូមិដើម្បីទៅរៀន។ ទោះបីជាការធំដឹងក្ដីឡើងរបស់គេមិនមែនជារឿងងាយស្រួលក៏ដោយ គឹមហុង មិនដែលបោះបង់ការសិក្សានោះទេ។ គេជឿជាក់យ៉ាងមុតមាំថា ការអប់រំអាចបង្កើតអនាគតដ៏ភ្លឺស្វាងមួយផ្សេងទៀតសម្រាប់ទាំងរូបគេ និងគ្រួសារ។
ឪពុកម្តាយរបស់ គឹមហុង បានលែងលះគ្នាតាំងពីគេមានអាយុ ៣ ឆ្នាំមកម៉្លេះ ហើយរូបគេ និងបងប្រុស ត្រូវបានចិញ្ចឹមបីបាច់ថែរក្សាដោយលោកយាយជរាតាំងពីពេលនោះមក។ បច្ចុប្បន្ន លោកយាយមានអាយុ ៧៨ ឆ្នាំទៅហើយ ប៉ុន្តែគាត់នៅតែបន្តមើលថែគ្រួសារ ក្នុងពេលដែលពួកគេកំពុងប្រឈមមុខនឹងបំណុលដែលបន្សល់ទុកដោយឪពុកម្តាយរបស់គេ។ បន្ទាប់ពីម្តាយបានចាកចេញពីស្រុកកំណើតទៅធ្វើការនៅខេត្តផ្សេង គាត់ក៏បានបាត់ការទាក់ទងបន្តិចម្តងៗជាមួយគ្រួសារ។ សព្វថ្ងៃនេះ គ្រួសារទាំងមូលពឹងផ្អែកជាសំខាន់លើប្រាក់ចំណូលរបស់បងប្រុសអាយុ ២២ ឆ្នាំរបស់ គឹមហុង ដែលធ្វើការជាកម្មករសំណង់។
ដោយសារជីវភាពគ្រួសារមានការលំបាក គឹមហុង ទទួលបានការឧបត្ថម្ភការសិក្សាប្រមាណ ១២.៥០ ដុល្លារក្នុងមួយខែ តាមរយៈកម្មវិធីគាំទ្ររបស់រាជរដ្ឋាភិបាលសម្រាប់គ្រួសារមានប័ណ្ណក្រីក្រ។ ទោះជាយ៉ាងណាក៏ដោយ ថវិកានេះមិនគ្រប់គ្រាន់ក្នុងការចំណាយទៅលើតម្រូវការសិក្សាទាំងអស់របស់គេនោះទេ។ គេគ្មានលទ្ធភាពរៀនគួរបន្ថែមនោះទេ ឯកសណ្ឋានសិស្សរបស់គេក៏ចាស់និងរហែក ហើយជារឿយៗសម្ភារសិក្សារបស់គេតែងតែខ្វះខាតជានិច្ច ។
ដោយសាររស់នៅជិតមណ្ឌលសិក្សា តាយ៉ែក របស់អង្គការ ស៊ីថេប បានផ្តល់ឱកាសឱ្យ គឹមហុង បានចូលរួមក្នុងកម្មវិធីអប់រំតាមជនបទរបស់ ស៊ីថេប ដែលគេអាចចូលរៀនថ្នាក់ភាសាអង់គ្លេស និងកុំព្យូទ័រដោយឥតគិតថ្លៃ។ តាមរយៈថ្នាក់រៀនទាំងនេះ គេបានបង្កើតចំណាប់អារម្មណ៍យ៉ាងខ្លាំងលើផ្នែកកុំព្យូទ័រ និងបច្ចេកវិទ្យាព័ត៌មាន។ ទោះបីជាជីវិតប្រចាំថ្ងៃរបស់គេរវល់យ៉ាងណាក៏ដោយ គេនៅតែបន្តចូលរៀនទាំងថ្នាក់ភាសាអង់គ្លេស និងកុំព្យូទ័រ ហើយបច្ចុប្បន្នគេបានបញ្ចប់ការសិក្សាចំនួន ៤ វគ្គ រួចមកហើយ។
សម្រាប់លោកគ្រូអ្នកគ្រូ គឹមហុង មិនត្រឹមតែជាសិស្សខិតខំរៀនសូត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតែងតែស្ម័គ្រចិត្តជួយអ្នកដទៃជានិច្ច។ គេជួយលោកគ្រូអ្នកគ្រូជាញឹកញាប់ដោយការពន្យល់មេរៀនដល់មិត្តរួមថ្នាក់ និងជួយពិនិត្យកិច្ចការផ្ទះ។ ឱ្យតែមានពេលទំនេរពីសាលារដ្ឋ គេតែងតែត្រឡប់មកមណ្ឌលសិក្សាវិញដើម្បីសួរសំនួរ ហាត់សរសេរកូដ រៀនការរចនាក្រាហ្វិក និងស្វែងយល់បន្ថែមអំពីពិភពបច្ចេកវិទ្យា។
ក្ដីស្រមៃរបស់គេគឺច្បាស់លាស់ណាស់ — គឺចង់ក្លាយជាអ្នកជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មាន (IT)។
នាពេលអនាគត គឹមហុង សង្ឃឹមថានឹងអាចអភិវឌ្ឍកម្មវិធី (Software & Applications) ដែលអាចជួយដល់ប្រជាជននៅក្នុងសហគមន៍របស់គេ និងធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់ពួកគេកាន់តែងាយស្រួល។
ការខិតខំប្រឹងប្រែងរបស់គេចាប់ផ្តើមហុចផ្លែផ្កាហើយ។ វគ្គសិក្សានេះ គឹមហុង ទទួលបានចំណាត់ថ្នាក់លេខ ៣ នៅក្នុងថ្នាក់។ ដើម្បីទទួលស្គាល់នូវការខិតខំប្រឹងប្រែង និងស្នាដៃរបស់គេ ស៊ីថេប បានប្រគល់ជូនគេនូវឯកសណ្ឋានសិស្សថ្មី កាតាប សៀវភៅសរសេរ និងសម្ភារសិក្សាផ្សេងៗទៀត ក្នុងពិធីបិទវគ្គសិក្សា។ ការទទួលបានកាដូទាំងនេះបាននាំមកនូវក្តីរំភើបយ៉ាងខ្លាំង និងផ្តល់កម្លាំងចិត្តបន្ថែមទៀតដល់គេក្នុងការបន្តដើរឆ្ពោះទៅរកគោលដៅរបស់ខ្លួន។
ការតាំងចិត្តរបស់ គឹមហុង គឺលើសពីការសិក្សានៅក្នុងថ្នាក់រៀនទៅទៀត។
រៀងរាល់ព្រឹកមុនពេលទៅរៀន គេភ្ញាក់ពីព្រលឹមដើម្បីជួយលោកយាយពុះឧស ដាំទឹក ដងទឹកដាក់ពាង ប្រមូលរៀបចំផ្ទះ និងដាំបាយ។ បន្ទាប់ពីត្រឡប់មកពីសាលារៀនវិញ គេជួយការងារផ្ទះជាមុនសិន ទើបអង្គុយរៀនតាមក្រោយ។ ជាច្រើនយប់មកហើយដែលគេនៅតែបន្តរៀនរហូតដល់យប់ជ្រៅ ទោះបីជាគេដឹងថាគេត្រូវភ្ញាក់ពីព្រលឹមនៅព្រឹកបន្ទាប់ទៀតក៏ដោយ។
គេខិតខំរៀនសូត្រមិនមែនត្រឹមតែសម្រាប់ខ្លួនឯងនោះទេ។
គឹមហុង សង្ឃឹមថាថ្ងៃណាមួយ គេនឹងអាចលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង ដើម្បីឱ្យបងប្រុសរបស់គេមិនបាច់ទ្រាំទ្រនឹងភាពលំបាកនៃការងារសំណង់ទៀត ហើយលោកយាយដែលបានមើលថែរូបគេតាំងពីតូច អាចរីករាយនឹងជីវិតដែលមានក្តីសុខ និងផាសុកភាពជាងមុននៅក្នុងវ័យជរា។ គេក៏នៅតែសង្ឃឹមថាថ្ងៃណាមួយ គេនឹងបានជួបជុំគ្នាម្តងទៀតជាមួយម្តាយរបស់គេ។
ទោះបីជាមានបញ្ហាប្រឈមជាច្រើនក្នុងការធំដឹងក្ដីក៏ដោយ គឹមហុង មិនដែលឈប់សម្លឹងមើលទៅអនាគតនោះទេ។ សម្រាប់គេ ជំនាញថ្មីនីមួយៗ និងមេរៀននីមួយៗដែលគេបានរៀន គឺជាជំហានមួយទៀតឆ្ពោះទៅរកក្តីស្រមៃលើវិស័យបច្ចេកវិទ្យារបស់គេ។
គឹមហុង ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ស៊ីថេប និងអ្នកទាំងអស់គ្នាដែលបានគាំទ្រការអប់រំតាមជនបទ។ តាមរយៈការគាំទ្រនេះ គេទទួលបានច្រើនជាងថ្នាក់រៀនភាសាអង់គ្លេស និងកុំព្យូទ័រដោយឥតគិតថ្លៃ។ គេក៏មានឱកាសរៀនសរសេរកូដ និងជំនាញឌីជីថល ដែលពន្លឺធ្វើឱ្យគេឃើញពីលទ្ធភាពសម្រាប់អនាគត ដែលគេប្រហែលជាមិនធ្លាប់ស្រមៃដល់ពីមុនមក។
ផ្លូវដីក្រហមដែលគេធ្វើដំណើរជារៀងរាល់ថ្ងៃប្រហែលជាវែងឆ្ងាយ ប៉ុន្តែរាល់ពេលដែល គឹមហុង ដើរចូលទៅក្នុងថ្នាក់រៀន គេកំពុងបោះជំហានមួយទៀតខិតទៅជិតក្តីស្រមៃបច្ចេកវិទ្យារបស់គេហើយ។