【ស៊ីថេប សហការជាមួយ DVO ដើម្បីនាំយកការអប់រំ ស្ទែម (STEM) ទៅកាន់វិទ្យាល័យ】
អស់រយៈពេលជាច្រើនឆ្នាំមកហើយដែល ស៊ីថេប បានអនុវត្តកម្មវិធីអប់រំនានានៅក្នុងប្រទេសកម្ពុជា និងរក្សាបាននូវភាពជាដៃគូដ៏រឹងមាំជាមួយ DVO ដែលជានាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នៃក្រសួងអប់រំ យុវជន និងកីឡា (MoEYS)។
នៅឆ្នាំ ២០២៦ ស៊ីថេប បានបន្តសហការជាមួយ DVO ម្តងទៀត ដើម្បីនាំយកការអប់រំផ្នែក STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) និងបច្ចេកវិទ្យាទៅកាន់វិទ្យាល័យនានាទូទាំងប្រទេសកម្ពុជា ដោយផ្តល់ឱកាសឱ្យសិស្សកាន់តែច្រើនបានអភិវឌ្ឍជំនាញឌីជីថល និងបច្ចេកវិទ្យាដែលអាចអនុវត្តបានក្នុងជីវិតពិត។ 

នៅឆ្នាំនេះ គម្រោងអប់រំ ស្ទែម នឹងត្រូវអនុវត្តនៅក្នុង វិទ្យាល័យចំនួន ១៥ ក្នុងខេត្តចំនួន ៩ រួមមាន ខេត្តសៀមរាប ព្រះវិហារ ឧត្តរមានជ័យ កោះកុង បន្ទាយមានជ័យ កំពង់ចាម ស្ទឹងត្រែង រតនគិរី និងព្រៃវែង។
កម្មវិធីនេះផ្តោតសំខាន់លើការរៀនសូត្រតាមរយៈការអនុវត្តជាក់ស្តែង ដោយមានវគ្គសិក្សាដូចជា ការសរសេរកូដ (Coding), មនុស្សយន្ត (Robotics), ការអភិវឌ្ឍគេហទំព័រ (Web Development), ការអភិវឌ្ឍប្រព័ន្ធ (System Development) និងការជួសជុលកុំព្យូទ័រ (Computer Repair)។ បន្ថែមពីលើការជួយសិស្សអភិវឌ្ឍជំនាញបច្ចេកវិទ្យា កម្មវិធីនេះក៏ជួយគាំទ្រដល់គ្រូបង្រៀនឱ្យទទួលបានបទពិសោធន៍ក្នុងការបង្រៀនផ្នែកបច្ចេកវិទ្យាផងដែរ។
កាលពីខែកក្កដា គម្រោងនេះបានចាប់ផ្តើមជាផ្លូវការនៅ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ ក្នុងខេត្តព្រះវិហារ និង វិទ្យាល័យអង្គរ ក្នុងខេត្តសៀមរាប។ គ្រូបច្ចេកទេសរបស់អង្គការ ស៊ីថេប បានធ្វើដំណើរទៅកាន់សាលារៀននានា ដើម្បីបង្រៀនសិស្ស ខណៈសិស្សមួយចំនួនក៏បានចូលរួមការបណ្តុះបណ្តាលអនុវត្តនៅមណ្ឌលសិក្សារបស់ ស៊ីថេប ផងដែរ។
វិទ្យាល័យដែលនៅសេសសល់នឹងចាប់ផ្តើមកម្មវិធីបណ្តុះបណ្តាលរបស់ខ្លួនជាបន្តបន្ទាប់ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ។ តាមរយៈការបន្តភាពជាដៃគូជាមួយ DVO ស៊ីថេប សង្ឃឹមថានឹងអាចនាំយកការអប់រំបច្ចេកវិទ្យាទៅកាន់សិស្សវិទ្យាល័យកម្ពុជាកាន់តែច្រើន ដោយផ្តល់ឱកាសឱ្យពួកគេស្វែងយល់អំពីបច្ចេកវិទ្យា រៀនតាមរយៈការអនុវត្តជាក់ស្តែង និងកសាងជំនាញសម្រាប់ការសិក្សា និងអាជីពរបស់ពួកគេនាពេលអនាគត។
ចាប់ផ្តើមពីការអប់រំ យើងកំពុងជួយយុវជនកម្ពុជាកសាងជំនាញបច្ចេកវិទ្យាដែលពួកគេត្រូវការសម្រាប់អនាគត។
#ស៊ីថេប #DVO #ការអប់រំស្ទែម #កម្ពុជា #ការអប់រំបច្ចេកវិទ្យា #ជនាញឌីជីថល