ព័ត៌មានលំអិត

  • Home
  • ព័ត៌មានលំអិត
image

ចាន់ណាជា កុមារីម្នាក់ដែលខិតខំបន្តរៀនសូត្រ ខណៈពេលដែលនាងកំពុងតែលីសែងបន្ទុកគ្រួសារ។

ក្នុងវ័យទើបតែ ១១ ឆ្នាំ ចាន់ណា គឺជាកូនស្រីច្បងនៅក្នុងគ្រួសារ និងជាបង្អែកយ៉ាងសំខាន់សម្រាប់ប្អូនៗរបស់នាង។

នាងភ្ញាក់ពីដំណេកនៅម៉ោង ៥:០០ ព្រឹកជារៀងរាល់ថ្ងៃ ដើម្បីជួយរៀបចំអាហារពេលព្រឹកដូចជា ដាំបាយ ធ្វើការងារផ្ទះ មើលថែប្អូនៗ និងជូនពួកគាត់ទៅសាលារៀន។ បន្ទាប់ពីចប់ម៉ោងសិក្សា នាងបានត្រឡប់មកផ្ទះវិញដើម្បីជួយជីដូនរៀបចំអាហារថ្ងៃត្រង់។ ក្នុងពេលទំនេរ នាងក៏បានជួយធ្វើការងារកសិកម្មខ្លះៗដូចជា ស្រោចបន្លែ ប្រមូលផលដំណាំ និងយកទៅលក់ដូរនៅផ្សារជាមួយយាយដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់គ្រួសារ។

បច្ចុប្បន្ននេះ ចាន់ណា និងប្អូនៗ ៣ នាក់ទៀត ត្រូវបានមើលថែទាំដោយជីដូនជរារបស់ពួកគេ ខណៈដែលឪពុកម្តាយត្រូវឃ្លាតឆ្ងាយពីផ្ទះទៅធ្វើការជាកម្មករស៊ីឈ្នួល។ ពួកគាត់អាចផ្ញើរប្រាក់មកផ្ទះបានត្រឹមតែប្រហែល ១៥ ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយខែ ដែលធ្វើឱ្យគ្រួសារជួបការលំបាកយ៉ាងខ្លាំងក្នុងការផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃ។ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ជួនកាលជីដូនរបស់នាងត្រូវធ្វើដំណើរទៅឆ្ងាយពីផ្ទះដើម្បីស៊ីឈ្នួលដាំដំឡូងមី និងដើមស្វាយចន្ទី។

ទោះបីជាជួបប្រទះនូវបញ្ហាប្រឈមទាំងនេះក៏ដោយ ក៏ចាន់ណាមិនព្រមបោះបង់ការសិក្សារបស់នាងឡើយ។ ដោយសារហេតុផលទាំងអស់នេះហើយទើប ជួនកាលនាងបាននាំប្អូនៗទៅសាលារៀនជាមួយផងដែរ។ នាងចូលចិត្តរៀនកុំព្យូទ័រខ្លាំងណាស់ ដូច្នេះនាងតែងតែទៅដល់សាលាមុនម៉ោង ឬនៅបន្តបន្ទាប់ក្រោយពីចប់ម៉ោងសិក្សា ដើម្បីបានប្រើប្រាស់កុំព្យូទ័ររបស់សាលា និងអនុវត្តន៍មេរៀនបន្ថែមទៀត។ នាងរីករាយនឹងការវាយអត្ថបទ និងការបង្កើតសាច់រឿង ព្រមទាំងការប្រើប្រាស់កម្មវិធីគូររូបផងដែរ។ ចំនែកនៅក្នុងថ្នាក់រៀនភាសាអង់គ្លេសវិញ នាងចូលចិត្តការរៀនពាក្យវាក្យសព្ទថ្មីៗតាមរយៈហ្គេម កិច្ចសន្ទនា និងសកម្មភាពឆ្លើយឆ្លងសំនួរគ្នាទៅវិញទៅមកផងដែរ។

សម្រាប់ចាន់ណា ការអប់រំគឺលើសពីការរៀនសូត្រនៅក្នុងថ្នាក់រៀន ដោយសារវាគឺជាក្តីសង្ឃឹមរបស់នាងសម្រាប់អនាគតដ៏ល្អប្រសើរមួយនាថ្ងៃខាងមុខ។

នាងស្រមៃចង់ក្លាយជាគ្រូបង្រៀន ឬជាបុគ្គលិកផ្នែកបច្ចេកវិទ្យាព័ត៌មាន (IT)ម្នាក់ នៅក្នុងសហគមន៍របស់នាង ដើម្បីអាចចែករំលែកនូវចំនេះដឹងដែលនាងបានរៀនសូត្រកន្លងមក ទៅដល់កុមារដទៃទៀតដែលមកពីគ្រួសារក្រីក្រខ្វះខាត។

នាងបានពោលពាក្យមួយឃ្លាថា ទោះបីជានាងហត់នឿយយ៉ាងណាក៏ដោយ ក៏នាងមិនបោះបង់ការសិក្សារបស់នាងឡើយ ព្រោះចំណេះដឹងគឺជាផ្លូវតែមួយគត់ដែលអាចជួយនាងនិងប្អូនៗឱ្យមានអនាគតល្អប្រសើរជាងនេះ»។

ក្នុងវ័យទើបតែ ១១ ឆ្នាំ ចាន់ណាបានលីសែងបន្ទុកទទួលខុសត្រូវដែលកុមារជាច្រើនក្នុងវ័យដូចនាងមិនធ្លាប់បានជួបប្រទះឡើយ។ ទោះជាយ៉ាងណាក៏ដោយ នាងនៅតែបន្តការពារឱកាសក្នុងការរៀនសូត្ររបស់នាង ដោយដើរទៅមុខបន្តិចម្តងៗឆ្ពោះទៅរកអនាគតដ៏ល្អប្រពៃសម្រាប់ខ្លួននាង និងក្រុមគ្រួសារផងដែរ។