ព័ត៌មានលំអិត

  • Home
  • ព័ត៌មានលំអិត
image

【រយៈពេលបីឆ្នាំនៃការរីកចម្រើន៖ ពីការស្ទាក់ស្ទើរធ្វើអ្វីមួយទៅជាការច្នៃប្រតិដ្ឋ| រឿងរ៉ាវរបស់ សុខុម ពីមណ្ឌលសិក្សាស្ទឹងព្រះស្រុក】

កុមារមួយចំនួនមិនមែនគ្មានសមត្ថភាពនោះទេប៉ុន្តែពួកគេគ្រាន់តែត្រូវការពេលវេលាបន្ថែម ការលើកទឹកចិត្ត និងមនុស្សម្នាក់ដែលជឿជាក់លើពួកគេ។

សុខុម គឺជាសិស្សថ្នាក់ទី៦ នៅមណ្ឌលសិក្សាស្ទឹងព្រះស្រុក។ គាត់បានចូលរៀនភាសាអង់គ្លេសនិងកុំព្យូទ័រនៅអង្គការស៊ីថេបបានចំនួន ៦វគ្គ ដែលមានរយៈពេលជិត ៣ឆ្នាំ។

នៅពេលដែលគាត់ទើបចាប់ផ្តើមរៀន សុខុមគឺជាសិស្សម្នាក់ក្នុងចំណោមសិស្សដែលមានការលំបាកក្នុងការរៀនឱ្យទាន់មេរៀនជាមួយមិត្តរួមថ្នាក់។ សុខុមតែងតែខ្វះទំនុកចិត្តលើខ្លួនឯង។ ប៉ុន្តែពេញមួយរយៈពេលបីឆ្នាំនេះ គាត់មិនដែលបោះបង់ការខិតខំប្រឹងប្រែងរៀនសូត្ររបស់គាត់ឡើយ។ ទោះបីជាគាត់ត្រូវការពេលវេលាបន្ថែមដើម្បីស្វែងយល់ពីមេរៀននោះក៏ដោយ សុខុមនៅតែបន្តខិតខំរៀនសូត្រ ចូលរៀនទៀងទាត់ពេលវេលា រៀនស្វ័យសិក្សា ធ្វើលំហាត់អនុវត្ត និងព្យាយាមម្តងហើយម្តងទៀត តស៊ូពុះពារជម្នះរាល់ឧបសគ្គពេលជួបការលំបាក។

បន្តិចម្តងៗ យើងបានចាប់ផ្តើមឃើញការផ្លាស់ប្តូររបស់គាត់

សព្វថ្ងៃ សុខុម មានទំនុកចិត្តលើខ្លួនឯងកាន់តែច្រើន និងមានឆន្ទៈចូលរួមក្នុងថ្នាក់រៀន។ គាត់លើកដៃឆ្លើយសំណួរ ចែករំលែកគំនិត និងកាន់តែមានភាពងាយស្រួលក្នុងការបញ្ចេញមតិរបស់ខ្លួន។ តាមរយៈការរៀនភាសាអង់គ្លេស និងកុំព្យូទ័រ គាត់ក៏បានចាប់ផ្តើមស្វែងយល់ពីមេរៀនអ្វីដែលថ្មីៗ បង្កើតការផ្ចង់អារម្មណ៍លើការរៀននិងសមត្ថភាពការច្នៃប្រតិដ្ឋរបស់ខ្លួនផងដែរ។

មុនពេលមានកម្មវិធីបិទវគ្គសិក្សាទី៣៥ សុខុមបាននិពន្ធបទចម្រៀងមួយបទអំពីមណ្ឌលសិក្សាស្ទឹងព្រះស្រុក បន្ទាប់មកគាត់បានប្រើប្រាស់ឧបករណ៍បញ្ហាសិប្បនិម្មិតដើម្បីបំលែងគំនិតក្នុងអត្ថបទនៃចម្រៀងរបស់គាត់ទៅជាស្នាដៃតន្ត្រីមួយដែលមានអត្ថន័យខ្លឹមសារនិងពិរោះ។

ស្នាដៃច្នៃប្រតិដ្ឋនេះបានធ្វើឱ្យលោកគ្រូ អ្នកគ្រូបានឃើញពីសមត្ថភាពមួយផ្សេងទៀតរបស់ សុខុម ។ បន្ទាប់មក សុខុម ក៏ទទួលបានពានរង្វាន់មួយពី ស៊ីថេប នៅក្នុងពិធីបិទវគ្គសិក្សា ដើម្បីអបអរសាទរចំពោះការខិតខំប្រឹងប្រែង និងស្នាដៃច្នៃប្រឌិតរបស់គាត់។

កាលពីបីឆ្នាំមុន សុខុម ជាសិស្សខ្សោយ មិនសូវមានទំនុកចិត្តលើខ្លួនឯង ប៉ុន្តែសុខុមមិនដែលបោះបង់ការរៀនរបស់គាត់ឡើយនៅតែខិតខំព្យាយាមរៀនសូត្រ និងជឿជាក់លើខ្លួនឯងថាអាចធ្វើបាន។ សព្វថ្ងៃនេះ គាត់មានភាពក្លាហានក្នុងការបញ្ចេញគំនិត សាកល្បងអ្វីដែលថ្មីៗ និងភាពច្នៃប្រឌិតរបស់ខ្លួនទៅជាស្នាដៃដែលអាចចែករំលែកជាមួយអ្នកដទៃបាន។

ការរីកចម្រើនរបស់កុមារម្នាក់អាចមិនកើតឡើងយ៉ាងឆាប់រហ័សនោះទេ។ ប៉ុន្តែជាមួយនឹងពេលវេលា ឱកាស និងការលើកទឹកចិត្ត ការផ្លាស់ប្តូរអាចកើតមានឡើងបន្តិចម្តងៗ។

ដំណើរនៃការសិក្សារបស់ សុខុម នៅតែបន្ត ហើយលោកគ្រូអ្នកគ្រូរីករាយដែលបានឃើញការរីកចម្រើនរបស់គាត់ មួយវិញទៀតលោកគ្រូអ្នកគ្រូនិងទន្ទឹងរង់ចាំមើលថា តើឱកាស និងសមត្ថភាពអ្វីខ្លះទៀតដែលនឹងរង់ចាំសុខុមនៅថ្ងៃអនាគត💙